Latest Post

ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ ឥតិបិសោ ភគវា ខ្ញុំសូមវរវន្ទា បង្គំព្រះស្រីរតនត្រ័យ ព្រះស្រីសពេជ្ញ លើសលើភពត្រ័យ គុណកែវទាំងបី នូវគុណព្រះមុនីឥសី ដែលលោករក្សាភូមិភពដែនដីនៃ នគរវង្សភ័ក្រ្តបូរី នេះណា សូមស្តេចយាងនិមន្តមកឆាប់រ៉ា ត្បិតប្រជានុរាស្រ្តមានទុក្ខជាទម្ងន់ ព្រាត់ប្រាសមាតាបិតា ម្តាយ ឪពុក ប្តីប្រពន្ធ កូនចៅ សាច់ផៅញាតិសន្តាន និរាសព្រាត់ប្រាស រងទុក្ខវេទនា ខ្លោចផ្សា អាណោចអាធម្មពន់ពេកណាស់ ណា ទើបខ្ញុំព្រះករុណាទាំងអស់គ្នា សូមអធិដ្ឋាន អារាធនា និមន្តព្រះមហា ឥសីអគ្គីនេត្រ ក្រឡេកឆេះ ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហាឥសី ភិនេស្រ្កមណ៍ ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីគោតម ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីនារ័ត្ន ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីកែវមុនីជោត ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីមុនីរ័ត្ន ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីមុនី ទើបខ្ញុំព្រះករុណាទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីនារទៈ ព្រះមហាឥសីបត្តណេរ ទើបខ្ញុំព្រះករុណា ទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីមីគទារ័ត្ន ទើបខ្ញុំព្រះករុណា ទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីមិគទា ទើបខ្ញុំព្រះករុណា ទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីសង្គច្ចៈ ទើបខ្ញុំព្រះករុណា ទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីទសរ័ត្ន ទើបខ្ញុំព្រះករុណា ទាំងអស់គ្នា អារាធនា និមន្តព្រះមហា ឥសីអង្គភឹម ទើបខ្ញុំព្រះករុណា ទាំងអស់គ្នា អារាធនា និមន្តព្រះគោព្រះកែវ ស្តេចយាងត្រឡប់មកគង់ នៅព្រះនគរយើងវិញ ទោសកំហុសដែលកន្លងទៅហើយ សួនព្រះគោ និងព្រះកែវ និងព្រះមហាឥសីគោតម និងព្រះពិស្ណុការ សូមស្តេចលើកលែង ទោសា សូមព្រះមហាឥសីគោតម ដែលស្តេចដាក់បណ្តាសាឲ្យនគរក្រុង កម្ពុជា ទៅជាព្រៃទោច ព្រៃស្វា សូមស្តេចនិមន្តមកលាបណ្តាសាចេញ ហើយ ខ្ញុំព្រះករុណាទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ គុណកែវទាំង បី ជួយប្រសិទ្ធីពរជ័យឲ្យព្រះមហាឥសី បានតឈាន វិញដូចអំពីដើមហោង សូម ព្រះមហាឥសីស្តេចប្រសិទ្ធិពរជ័យប្រែឈ្មោះនគរទៅ ជាវង្សភ័ក្រ្តបូរី ស្រីមហានគរដ៍ឆ្នើម ឲ្យឡើងជាមហាចក្រភពក្នុងពិភពលោកទាំងមូល ជា មហា អំណាចមានស្តេចចំណុះ២២៧ប្រទេសជាចំណុះ នគរខ្មែរយើងដូច កាលអំពីជំនាន់ជ័យវរ័្មនទី៧ស្តេចគង់នៅ ហើយសូមឲ្យស្តេចប្រសិទ្ធិពរជ័យ ស្តេចខ្មែរយើងសព្វថ្ងៃ ឲ្យមានមហិទ្ធិរិទ្ធចេស្តា ព្រះឱស្ឋទិព្វ ព្រះនេត្រទិព្វ ព្រះកាណ៌ទិព្វ ព្រះហស្ថទិព្វ ចង្អុលព្រះហស្ថទិព្វ ព្រះខ័នទិព្វ ធ្នូទិព្វ សម្បត្តិព្រះរាជទ្រព្យទិព្វ ដំរីស ភ្លុកខៀវទិព្វ មកជាសម្បត្តិរដ្ឋទាំងអស់ ទើបខ្ញុំព្រះករុណាទាំងអស់គ្នា សូមអធិដ្ឋាន សូមព្រះឥន្ទ នូវព្រះព្រហ្ម នូវ ព្រះបិតាយមរាជ សូមស្តេចយាងចុះចាកទែនសយនា សូមស្តេចយាង ជួយព្រះគោ ព្រះកែវ ដែលស្តេចមានទុក្ខរាប់សតវត្សមកហើយ សូមស្តេចជួយ ឲ្យមានមហិទ្ធិរិទ្ធចេស្តាខ្លាំងក្លាអស្ចារ្យ ព្រះគោស្តេចរោទិ៍៣ដង របើកទាំង ក្រឡាមហាប្រឹថពី របើកសណ្តក ទាំងដែកគោលមាស បាក់ទាំងទ្រុង៧ជាន់ លាន់ទាំងធរណី រលំទាំងបាងកក របកទាំងវាំងវា ដាច់ទាំងរនាំងខ្ចាត់ខ្ចាយ ដល់កណ្តាប់ចក្កវាឡា ស្តេចយាងមកគង់នៅអង្គរធំ អង្គរតូច មនុស្សផងកុះកុំ ជុំដូចពីដើម ថ្កុំថ្កើងរុងរឿង គ្រប់គ្រឿង របស់ចាស់ៗកើតថ្មីវិញហោង ផលផុសដុះឯង ពុំក្រែងត្រង់ក្រ មនុស្សល្អដូចៗគ្នា ប្រទេសនានា សឹងនាំ សួយសារ អាករ សួយទេយ្យមកថ្វាយព្រះមហាក្សត្រខ្មែរយើង មាសប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត មាសប្រាក់ផុសពាសពេញដីស្រីមហានគរ វង្សភ័ក្រ្ត បូរីទឹកដីព្រំប្រទល់ខាងលិចទល់ភូមា ខាងចិនទល់សមុទ្រតុងកឹង ខាងវៀត ណាម ទល់សមុទ្រក្រហមសឹងបានមកវិញហោង ដោយបុណ្យសម្ភារ តេជះ បារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះទាំង៥ព្រះអង្គ នូវគុណព្រះឥន្ទ ព្រះព្រហ្ម នូវគុណព្រះបិតាយមរាជ នូវគុណព្រះចតុលោកបាលទាំងបួន នូវគុណព្រះកឹករណំ ព្រះម៉ែគង្ហីងព្រះធរណី នូវស្តេចនាគ នូវស្តេចក្រុងពិលី នូវគុណទេវតាទាំងមួយ ម៉ឺនលោកធាតុ នូវគុណអ្នកសច្ចំទាំង៨សែនកោដិ លោកមកជួយជ្រោមជ្រែងបីបាច់ថែរក្សា ហើយលោកជួយទ្រទ្រង់ ព្រះពុទ្ធ សាសនា ឲ្យបានថ្កុំថ្កើងរុងរឿង ដូចកាលព្រះអង្គនៅ គង់ធម្មានៅឡើយ ហើយនគរ យើងសុខហើយសុខទៀត ហើយសុខរែងសុខ ប្រជានុរាស្រ្ត គ្រប់ស្រុកសឹងសុខក្សេមក្សាន្ត ជម្ងឺរោគាសឹងសះជាឯង ខ្វាក់ខ្វិនក្រងឹងក្រងង់ កំពេកកំពក កំបិកកំបាក់ ក្រហិបក្រហុបសឹងជាអស់ សក់ស្កូវខ្មៅវិញស្រឹល ពូក ព្រែ ខ្នល់ខ្នើយសឹងកើតឯង ពុំក្រែងត្រង់ក្រ មនុស្សសម្បុរល្អដូចគ្នា ឪពុកត្រង់នឹងម្តាយ ប្តីត្រង់នឹងប្រពន្ធ ប្រពន្ធត្រង់នឹងប្តី រាស្រ្តត្រង់នឹងនាម៉ឺន នាម៉ឺនត្រង់នឹងស្តេច ស្តេចគោរពទ្រទ្រង់ព្រះពុទ្ធសាសនា តាមគន្លងប្រពៃណី អំពី បរមបុរាណ ដូចស្តេចកាលព្រះអង្គស្តេចគង់ធម្មានៅឡើយ ហើយខ្ញុំ ព្រះករុណាទាំងអស់គ្នា សូមបួងសួងដល់ព្រះពិស្ណុការ សូមស្តេចយាងយាត្រា មកកសាងនគរវង្សភ័ក្រ្តបូរីយើងវិញ សាងប្រាសាទនានាក្នុងនគរ យើងឲ្យ បានរុងរឿង សម្បូណ៍សប្បាយ អស្ចារ្យឡើងជាមហាអំណាចក្នុងពិភពលោក ទាំងមូល ហើយគេថ្វាយទឹក ថ្វាយដី ថ្វាយព្រៃព្រឹក្សា ព្រះពុទ្ធសាសនា ឲ្យបានគ្រប់៥០០០ ព្រះវស្សាពេញ បរិបូណ៌តរៀងទៅហោង៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


០១.
បពិត្រមាតាបិតា
កូននឹកខ្លោចផ្សាពេកអម្បាយ
តាំងពីកូនកើតមានរូបកាយ
លោកតែងខ្វល់ខ្វាយថែរក្សា ។
០២.
ឱលោកម្ចាស់ថ្លៃវិសេសលន់
លោករងទុក្ខធ្ងន់ពន់ពេកណា
ពោះលោកខំបីចាប់ស្ងួនភ្ងា
ពុំអាចពណ៌នាឲ្យអស់បាន ។
០៣.
ហេតុនេះខ្ញុំសូមផ្គងអញ្ជលី
លើកហត្ថទាំងពីរបន្ទន់ប្រាណ
បង្គំបាទាព្រះក្សេមក្សាន្ត
ទោះខុសប៉ុន្មានសូមប្រណី ។
០៤.
ម្ចាស់សោយកាលកូនទ្រហោយំ
លោកស្ទុះមកថ្នមត្រកងបី
ច្រៀងបំពេរកូនដោយប្រឹមប្រីយ៍
ដោយចិត្តមេត្រីផ្តេកកូនណា ។
០៥.
ទឹកមាត់ទឹកមូត្រលាមកផង
ទាំងគ្រឿងសៅហ្មងផងនានា
លោកចាប់លោកកាន់លោកស្រវា
លាងដោយហត្ថាអត់ជិនឆ្អន់ ។
០៦.
បពិត្រមាតាមានគុណធ្ងន់
បិតាមានគុណវិសេសលន់
កូនសូមគោរពព្រះគុណធ្ងន់
សូមព្រះសោភ័ណបានក្សេមក្សាន្ត។
០៧.
ហេតុនេះខ្ញុំសូមឧទ្ទិសផល
ដម្កល់ចេតនាដោយក្លាហាន
ទានសីលភាវនាដែលខ្ញុំបាន
ស្អាងធ្វើប៉ុន្មានជូនទៅលោក ។
០៨.
សូមលោកទទួលដោយសោមនស្ស
ចិត្តខ្ញុំត្រង់ស្មោះជូនទៅលោក
ដូចខ្ញុំបានពោលពាក្យសច្ចៈ
សូមជូនទៅអ្នកគ្រានេះហោង។


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


-
ភន្តេ ភគវា
ខ្ញុំទូលបាទា
បង្គំភក្តី
ទសករទាំង១០
ដាក់លើសិរសី
ថ្វាយទៅព្រះស្រី
ទាំងបីសូមជ្រាប ។
-
យើងខ្ញុំនេះណា
លាទោសអត្មា
កាលនៅក្នុងផ្ទៃ
អ្នកម្តាយទ្រង់គក៌
យើងខ្ញុំនេះនៃ
ទន់អស់សរសៃ
ទាំង៣០សង ។
-
លោកម្តាយជាទុក្ខ
ពុំដែលបានសុខ
ដល់តិចឡើយហោង
ខ្លាចក្រែងគ្រោះកាច
មាតានោះផង
លោកតែងនឹងរង
ទម្ងន់នោះណា ។
-
លុះបាន១ខែ
ឈាមនោះមកប្រែ
ជាដុំហើយណា
លុះបាន២ខែ
បីខែសោះសា
កើតបញ្ចសាខា
ទៅលើទងសុក ។
-
អង្គុយច្រហោង
រងេងរងោង
នៅនាក្រោមផ្ទៃ
មាត់នោះបៀមបៅ
ជញ្ជក់ទងសុក
អង្គុយប្រែមុខ
ទៅខាងខ្នងម្តាយ ។
-
ខ្លួននោះដូចសត្វ
ដូចស្វាគេលាត់
ក្រហល់ក្រហាយ
បើលោកបរិភោគ
បង្អែមទាំងឡាយ
ខ្ញុំសុខសប្បាយ
អង្គអស់អាត្មា ។
-
បើម្តាយខ្ញុំឆី
អស់ទាំងចំណី
ហឹរប្រៃហើយណា
វាឈឺអស់អង្គ
វាខ្លោចវាផ្សា
ញ័រអស់រូបា
យើងខ្ញុំក្នុងផ្ទៃ ។
-
ជញ្ជឹងឲ្យគ្រប់
ជួនជួបប្រសព្វ
ខែ១០ហើយនៃ
លុះបានគំរប់
បរិបូណ៌ប្រពៃ
ខ្យល់១ឆាប់ក្រៃ
ឈ្មោះកម្មជ្ជវាត ។
-
មកបក់បង្វិល
ប្រែក្បាលខ្ញុំវិល
ចេញមកក្រៅស្អាត
ដោយទ្វារមមាតា
យើងខ្ញុំជាអាទិ៍
ទើបខ្ញុំប្របាទ
ពុំដឹងអាត្មា ។
-
ដូចគេគ្រវែង
ចោលទៅកំពែង
ចក្រវាឡា
រួចចេញពីផ្ទៃ
ព្រះកន្លោងហើយណា
ខ្ញុំភ្ញាក់អាត្មា
ស្រែកយំខ្លាំងក្រៃ ។
-
ឯព្រះមាតា
អ្នកឈឺខ្លោចផ្សា
ត្បិតខ្ញុំនេះនៃ
អ្នកដេកអាំងភ្លើង
បាន៩ថ្ងៃ
លុះស្រាលជើងដៃ
បរិបូណ៌ហើយហោង។
-
លាបាប១ណា
លោកម្តាយរក្សា
ចិញ្ចឹមរ៉ាប់រង
ទុក្ខភ័យប៉ុន្មាន
មិនឲ្យមានឆ្គង
លោកតែងនឹងរង
ទម្ងន់នោះណា ។
-
ខ្ញុំលាបាប១
ត្បិតលោកម្តាយព្រួយ
លំបាកច្រើនគ្រា
ដេកនៅនឹងអាចម៍
នឹងនោមកាលគ្រា
ជាក្មេងខ្ញុំលា
អំពើបាបនោះ ។
-
លាបាប១ណា
លោកម្តាយរក្សា
ឥតមានទ្រគោះ
តែងនឹងឱបក្រុង
បីបំបៅដោះ
ដៃយើងខ្ញុំនោះ
គក់ទ្រូងលោកម្តាយ ។
-
យើងខ្ញុំនេះលា
ក្រែងមានវេរា
អំពើទាំងឡាយ
កាលណាលោកដេកលក់
ជាសុខសប្បាយ
យើងខ្ញុំពាយងាយ
យំឲ្យលោកភ្ញាក់ ។
-
ហេតុបទយើងខ្ញុំ
មានវេរាកម្ម
តែងតាមជៀងជាក់
កាលខ្ញុំនៅក្មេង
តែងយំទធាក់
បាបនោះអប្បល័ក្ខណ៍
ខ្ញុំសោតសូមលា ។
-
លាបាប១នោះ
ក្រែងមានទ្រគោះ
ឈ្លោះនឹងមាតា
ហើយខ្ញុំលាបាប
ប្រមាថបិតា
លាបាបនោះណា
លាទោសនោះផង ។
-
លាបាប១ណា
ក្រែងមានវេរា
អំពើបាបផង
ក្រែងប្រឈ្លោះ
ប្រកួតប្រឡង
ទាស់ពាក្យឆ្គាំឆ្គង
នឹងញាតិនានា ។
-
យើងខ្ញុំប្របាទ
កាលជានេសាទ
សម្លាប់មច្ឆា
អស់ទាំងបាបនោះ
ខ្ញុំសោតសូមលា
កុំមានវេរា
អំពើនោះឡើយ ។
-
បទឥតយោបល់
ប្រាជ្ញាកិច្ចកល
ពុំយល់សោះឡើយ
ញាតិផងប្រដៅ
យើងខ្ញុំកន្តើយ
ឮពាក្យគេហើយ
ស្រដីមុសា ។
-
១ក្រែងប្រមាថ
ព្រះអាទិត្យជាអាទិ៍
ព្រះចន្ទតារា
ព្រះពាយព្រះភិរុណ
ព្រះអគ្គីគង្គា
ប្រមាថទេវតា
លាបាបនោះឯង ។
-
លាបាប១ណា
ប្រមាថរាជា
ក្រឡាគម្តែង
អម្ចាស់ផ្ទៃក្រោម
ត្បិតលោកតាក់តែង
អស់បាបនោះឯង
យើងខ្ញុំសូមលា ។
-
បាប១ស្រដី
ប្រមាថមន្ត្រី
អល់អស់សេនា
ក្រែងបានស្រដី
ជេរពោលផ្តាសា
អស់បាបនោះណា
ខ្ញុំលាទោសហោង។
-
លាបាប១ណា
កាលបួសនៅជា
សាមណេរហើយហោង
គ្រូលោកប្រដៅ
បទខ្លួននេះឆ្គង
ខេរខឹងរំលង
កន្លងពាក្យគ្រូ។
-
យើងខ្ញុំនេះលា
បទមានវាចា
បាបនោះមកត្រូវ
ស្រដីខុសពាក្យ
នឹងលោកជាគ្រូ
ចិត្តខឹងក្រចូវ
លួចជេរកំបាំង។
-
ខ្ញុំលាអស់បាប
លាពៀរដរាប
សូមលោកជួយខាំង
អស់បាបនោះឯង
សូមលោកជួយរាំង
ចៀសចាកកំបាំង
កុំឃើញឡើយណា។
-
បាប១នោះត្រូវ
ខ្ញុំភូតនឹងគ្រូ
បំពោតវាចា
ស្រដីដើមគ្រូ
ក្រែងត្រូវរូបា
យើងខ្ញុំនោះណា
លាទោសនោះផង។
-
លាបាប១ណា
កាលបួសនៅជា
សាមណេរនោះហោង
ក្រែងខ្ញុំឈ្លោះគ្នា
ប្រកួតប្រឡង
ទាស់ពាក្យឆ្គាំឆ្គង
ជេរទៅមាតា ។
-
កាលនៅជាភិក្ខុ
ប្រដៅរំលឹក
ជេរពោលអស់គ្នា
ខំឲ្យរៀនសូត្រ
តែងភូតមាយា
យើងខ្ញុំនេះណា
បានជាជេរទៅ។
-
យើងខ្ញុំនេះខឹង
ធ្វើមុខក្រញឹង
សម្លក់សម្លៅ
ក្រហមទាំងមុខ
សំឡឹងជេរទៅ
បទសិស្សផងខ្លៅ
ឲ្យបានដូចចិត្ត។
-
សិស្សឥតប្រាជ្ញា
យើងខ្ញុំនេះណា
ជេរថាចំហុត
ឲ្យចេះសាស្ត្រា
ចេះទាំងសំបុត្រ
ឲ្យចេះផ្គង់ផ្គត់
កំណត់សិត្យា ។
-
លា១ប្រើសត្វ
ខឹងខំវាយវាត់
ពុំមានមេត្តា
បរហើយវាយដំ
ច្រំធាក់ខ្លួនវា
ពុំមានមេត្តា
ខ្ញុំលាទោសនោះ។
-
លាបាប១ណា
កាលមានរោគា
ឲ្យហោរគណគ្រោះ
ត្រូវសត្វជើងពីរ
ជើងបួនរំដោះ
ទើបបានស្បើយគ្រោះ
ដោយហោរគេថា។
-
រីពេទ្យមេមុត
ទោះឆុតពុំឆុត
យកឲ្យសែនលា
បង្គាប់ថាត្រូវ
សត្វដូចហោរថា
ត្រូវថ្នាំនឹងស្រា
យកមកឲ្យផឹក។
-
រីបាបនោះណា
ដោយច្បាប់លោកថា
យកភូបាលបំផឹក
នូវទឹកទង់ដែង
គួរស្ញែងពន្លឹក
បាបត្បិតតែផឹក
ស្រាខុសវិន័យ។
-
លាបាប១ណា
ត្បិតខ្ញុំផឹកស្រា
បាបនោះឯងនៃ
ខ្ញុំពឹងសំភារ
ពឹងបារមីក្រៃ
សូមអម្ចាស់ថ្លៃ
ករុណាប្រោសហោង។
-
លាបាប១ណា
ក្រែងមានវេរា
អំពើឆ្គាំឆ្គង
វាយដំឆ្កែឆ្មា
មាន់ទានោះផង
វាយយំស្រែកកង
ក្រែងមានវេរា។
-
យើងខ្ញុំលាថ្លង់
លាអស់ខ្លៅល្ងង់
លំបាកកំព្រា
ខ្ញុំលារៀងទៅ
សព្វជាតិនានា
កើតមកសព្វគ្រា
កុំត្រាយល់ឡើយ
-
ខ្ញុំលាឃ្ងង់ស្រែង
ដំបៅក្រងែង
ក្រងង់ឥតត្រើយ
កញ្ចោតកំបាក់
ខ្វិនខ្វាក់នោះឡើយ
លាទាំងខ្ទែខ្ទើយ
គមគាក់ពើតពីង។
-
លាខ្លួនកំប្រោណ
ដំំណើរក្រញោន
សក់ច្រាញកន្ទ្រើង
ក្រងួរក្រង៉យ
ក្រញឹសក្រញឹង
ស្ញេញស្ញាញពើតពើង
កុំយល់ឡើយនៃ។
-
លារូបអាក្រក់
ជើងធំរលស្ទក់
ឃ្លង់ជើងឃ្លង់ដៃ
លាភ្នែកស្រលៀង
ក្រសែវិស័យ
ឡើងបាយស្លឹតស្លៃ
បាំងស្បែកខ្ញុំណា។
-
លា១ធ្មេញបាក់
ច្រមុះសោតធ្លាក់
ញ័រញាក់ចង្កា
ហារមាត់សំញេញ
កំប៉ិញដូចស្វា
បើនឹឆីស្លា
ខិបខុបវិស័យ។
-
លាមាត់សម្លាក
ដំបៅរលាក
សជើងសដៃ
ខ្មៅមុខដូចចៀស
អសុរសចង្រៃ
វៀចស្តួចជើងដៃ
យើងខ្ញុំសូមលា។
-
ហើយលាទំពែក
ត្រងោលចំឡែក
គង់តែលលាដ៍
ដើរទៅង៉េលង៉ាល
ប៉េលប៉ាលសិរសា
ហេតុតែលលាដ៍
រលីងសក់សើរ។
-
លាជើងកំបាក់
ដើរទៅខ្ញើញខ្ញក
ទាបខ្ពស់ពព្លើ
លាទាបកន្ទែល
ទំលែទំលើ
ទំលួនមើលស្លឺ
មើលខាងខ្ញុំលា។
-
លាឃ្លង់ល្ពៅ
ឃ្លង់ដែកឃ្លង់ខ្មៅ
ឃ្លង់ភ្លើងស្រែងជ្វា
ស្រកីអណ្តែង
កញ្ចុះមាន់ណា
កើតប្រើសឃ្លង់ជ្វា
កុំយល់ឡើយណា។
-
លារូបអាក្រក់
ជម្ងឺផ្តឹតផ្តក់
ព្យាធិរីងរៃ
លាអស់រោគា
ឧបទ្រពចង្រៃ
បៀតបៀននោះនៃ
កុំឲ្យដិតដល់។
-
លាដៃក្រញាង
ក្រញង់សងខាង
សរសៃរួបរិត
លាអស់ដំបៅ
នូវមាត់កំពិត
ច្របូញជ្រួញជិត
ខ្ញុំលាកុំយល់។
-
លា១ពាក្យភូត
ស្រដីគម្ភោធ
កុហកកិច្ចកល
លា១ពាលោ
មោហោកំហល់
ស្រដីកិច្ចកល
ចិត្តវៀចនឹងញាតិ
-
ពុំដឹងខុសគាប់
ពុំដឹងដោយច្បាប់
ដោយធម៌ជាអាទិ៍
ស្រដីមុសា
ពាក្យភូតសឹងឃ្លាត
ខ្ញុំលាសព្វជាតិ
កុំយល់ឡើយនៃ។
-
លា១ចង្រៃ
យកអ្នកដទៃ
មកធ្វើជាញាតិ
លាពាក្យនោះណា
កុំយល់សព្វជាតិ
ឲ្យខ្ញុំនេះឃ្លាត
ចៀសចាកចេញឆ្ងាយ។
-
ខ្ញុំលាអស់បាប
លាពៀរដរាប
អំពើរទុក្ខភ័យ
លាខ្សត់លំបាក
តោកយ៉ាកហិនហៃ
ហើយសូមលាភ័យ
ចតុរាបាយហោង។
-
លាទោសបាណា
អទិន្នាកាមេ
មុសាសុរាផង
ខ្ញុំលាកុំយល់
ដល់តិចជាម្តង
សេពសុរាផង
ទាំងអស់ខ្ញុំលា។
-
បាណាតិបាត
សម្លាប់ដរាប
សត្វតូចធំផង
អទិន្នាទានា
លួចលាក់ឆឈោង
កាមេលួចបង
កូនប្អូនប្រពន្ធ។
-
អ្នកផងខ្ញុំលា
ទាំងបាបមុសា
ដែលលេងចំអន់
ក្រែងត្រូវត្រង់ពាក្យ
ភ្លេចគិតមិនទាន់
លេងសើចហួសស៊ុន
បាបនោះខ្ញុំលា។
-
សុរាទី៥
ជាមេកងកម្ម
បង់វត្តបង្វៀង
បង់យសម្បត្តិ
បង់សីលបង់ទាន
ខ្ញុំលារាល់រៀង
ជាតិកុំឲ្យមាន។
-
លាបាប១ណា
ចូលចេញព្រះវស្សា
បិណ្ឌភ្ជុំចូលឆ្នាំ
សង្ក្រាន្តត្រស្តិលោក
ថ្ងៃខែឧត្តម
មិនរៀបសេពសម
ខូចសីលអស្តារ។
-
លាបាបឥតច្បាប់
ប្រដាប់ចំបាប់
ពាក់មុខយក្សមារ
កាន់គ្រឿងលាត់ឆាយ
ចូលវត្តផឹកស្រា
មិនពុទ្ធដីកា
ស្រដីក្រេវដក្រោធ។
-
បំបោលរទេះ
ជិះដំរីសេះ
បាំងតាំងយូជូតក្បាល
នឹងពាក់ស្បែកជើង
ទាត់សីលេសអួត
ចូលវត្តកាន់កួត
បាបរៀងរាល់ជាតិ។
-
លាបាប១ណា
កាលខ្ញុំយាត្រា
ចូលទៅរាប់បាត
ក្នុងព្រះវិហារ
សេចក្តីប្រមាថ
ផ្អែកផ្អៀងជាអាទិ៍
ពុំកោតក្រែងឡើយ។
-
ស្តោះទាំងទឹកមាត់
គូរលេងឥតគិត
មិនក្រែងព្រងើយ
នាឋានព្រះតថា
គតម្ចាស់ថ្លៃអើយ
ប្រោសខ្ញុំម្ចាស់អើយ
បាបនោះខ្ញុំលា។
-
លាបាបទោសធ្ងន់
ឮលោកសូត្រមន្ត
ថ្លែងធម៌ទេសនា
ខ្ញុំមិនមានស្តាប់
ស្ទាញស្ទប់ចង្កា
និយាយតែគ្នា
គិតទៅឯទៀត។
-
លាបាបអបល័ក្ខណ៍
យកខ្មោចអារក្ស
ដំកើងរោងរៀប
បង្ហិនតែទ្រព្យ
បង់ហើយបង់ទៀត
អាសារបង់ម្សៀត
ធ្លាក់ដល់ចតុរា។
-
លាបាប១នេះ
ខ្ញុំខឹងដៀលត្មិះ
អ្នកបានរក្សា
សីលគុណព្រះពុទ្ធ
ហើយមិត្តទ្រុស្តថា
រាបស្មើក្រឡា
ប្រឹថពីសូមលា។
-
ខ្ញុំសូមសំណាក់
ព្រះអង្គវរល័ក្ខណ៍
រុងរឿងថ្លៃថ្លា
សូមម្ចាស់អត់ទោស
ប្រោសប្រស់ករុណា
ណែនាំអស់មហា
ជនផងនានា។
-
រីសីលទាំង៥
សូមចិត្តចងចាំ
កុំភ្លេចឡើយណា
ទាំងសីល៨
សូម្បីរក្សា
អស់អញភាវនា
កុំភ្លេចរាល់ថ្ងៃ។
-
ដូចព្រះពុទ្ធផង
ពីរោះកន្លង
ខ្លឹមព្រះធម៌ថ្លៃ
សឹងសារសីលសុទ្ធ
ព្រិទ្ធព្រហ្មប្រពៃ
នាំសត្វក្រាស់ក្រៃ
ដាក់ដល់និព្វាន។
-
សូមពឹងសម្ភារ
តេជៈបារមី
ថ្លៃជាប្រធាន
សូមឲ្យយើងខ្ញុំ
កើតនៅភិមាន
កែវកបសួគ៌ឋាន
តុសិតសួគ៌ា។
-
កបនូវភ្លេងភ្លាត់
ល្វេងល្វើយស្រងាត់
ស្រឹង្គារបរិពារ
ជាសំរាប់ដូច
ទេវបុត្តទេវតា
បំរើត្រៀបត្រា
នៅសួគ៌ាល័យ។
-
សូមព្រះទ្រង់ញាណ
សូមឲ្យខ្ញុំបាន
ផ្ចាញ់មារក្រាស់ក្រៃ
កុំបីមកជ្រែក
ឲ្យចាលចាញ់ដៃ
សូមឲ្យបានក្ស័យ
កិលេសតណ្ហា។
-
ខ្ញុំសូមបានកាត់
ឥសូរសម្បត្តិ
ទាំងបុត្រភរិយា
កាន់ឲ្យជាទាន
សូមកាត់សង្សារ
រួចចេញពីមហា
ជំរៅក្រាស់ក្រៃ។
-
រីល្បាសំណូម
តេជៈខ្ញុំសូម
បានដូចប្រាថ្នា
សូមបានមគ្គផល
រួចដល់សួគ៌ា
ហើយបានព្រះមហា
និព្វានស្រេចហោង។


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


Contact Form

Name

Email *

Message *

Powered by Blogger.